របៀបធ្វើ៖ សាច់មាន់ទ្រង់គ្រឿង
ថ្ងៃនេះដែលយើងខ្ញុំសូមធ្វើការណែនាំម្ហូបមួយមុខទៀត ដែលទទួលការពេញនិយមយ៉ាងខ្លាំងជាពិសេសនៅតាមបណ្តាភោជនីយដ្ឋាននានា។ ម្ហូបមួយនេះមានឈ្មោះថា សាច់មាន់ទ្រង់គ្រឿង ដោយប្រើប្រាស់គ្រឿងផ្សំផ្សេងៗ ដែលមាននៅក្នុងផ្ទះបាយស្រាប់។
គ្រឿងផ្សំ៖
ភ្លៅមាន់ ២ ភ្លៅ
ស្រា ១ ស្លាបព្រាបបាយ
ទឹកធម្មតា ៣ ស្លាបព្រាបាយ
ទឹកស៊ីអៀវខាប់ ៣ ស្លាបព្រាបាយ
ស្ករ កន្លះស្លាបព្រាបាយ
អំបិល ១ ស្លាបព្រាកាហ្វេ
ប៊ីចេង ១ ស្លាបព្រាកាហ្វេ
ខ្ញីហាន់ហើយ ៤០ ក្រាម
ម្ទេស ១ ផ្លែ
វិធីធ្វើ៖
ជាដំបូងអ្នកត្រូវលាងសាច់មាន់ជាមុនសិន។ ហាន់ម្ទេសជាចំណិតៗ បញ្ឆិតៗ។ ដាក់ប្រេងរុក្ខជាតិឆាទឹកត្រីខាប់ បន្ទាប់មកចាក់ ស្រា, ស្ករ, ទឹកធម្មតា, អំបិល,ប៊ីចេងចូលឆាឲ្យសព្វទុកឲ្យត្រជាក់ បន្ទាប់មកប្រឡាក់សាច់ឲ្យសព្វ ផ្អាប់ទុករយៈ ពេល ២ ម៉ោង។
បន្ទាប់មកដាក់ចំហុយសាច់រយៈពេល ២០ នាទី រួចហើយស្រង់ចេញទុកឲ្យត្រជាក់ កាត់ជាដុំៗ រៀបដាក់ចាន បន្ទាប់មកស្រោចទឹកគ្រឿងខាប់ ដែលសល់ពីប្រឡាក់សាច់ ពីលើសាច់ ហើយរោយម្ទេស និងខ្ញីពីលើជាការស្រេច៕